
ក្រុមប្រឹក្សាខេត្តសៀមរាប ជំរុញឱ្យអាជ្ញាធរគ្រប់ក្រុងស្រុក ត្រៀមលក្ខណៈឱ្យបានល្អិតល្អន់ក្នុងការទប់ស្កាត់គ្រោះរាំងស្ងួត និងទឹកជំនន់
ក្នុងឱកាសដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ក្រុមប្រឹក្សាខេត្តសៀមរាប នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត បានសង្កត់ធ្ងន់លើការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះបញ្ហាគ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់ ដោយឯកឧត្តមបានណែនាំដល់រដ្ឋបាលក្រុង-ស្រុក ត្រៀមលក្ខណៈសម្បត្តិឱ្យបានរួចរាល់ ក្នុងការកំណត់ទីតាំង និងចុះស្តារស្ទឹង អូរ និងប្រឡាយ ដើម្បីបើកចរន្តទឹកហូរការពារការលិចលុងលំនៅឋាន និងផលដំណាំរបស់ប្រជាពលរដ្ឋ ព្រមទាំងការស្តារអាងទឹក ត្រពាំង និងបឹងបួរ សម្រាប់ស្តុកទឹកទុកប្រើប្រាស់ប្រចាំថ្ងៃ បង្កបង្កើនផល និងត្រៀមអន្តរាគមន៍ពេលមានគ្រោះរាំងស្ងួត។










