
អភិបាលរងខេត្តសៀមរាប ចូលរួមកិច្ចប្រជុំពិភាក្សាលើបញ្ហាប្រឈម និងទិសដៅការងារ ពាក់ព័ន្ធនឹងការងារដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដោយ
នៅថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក លី សារី អភិបាលរងខេត្តសៀមរាប អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើបញ្ហាប្រឈម និងទិសដៅការងារ ពាក់ព័ន្ធនឹងការងារដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ក្រោមកិច្ចដឹកនាំពីសំណាក់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ក្រសួង-ស្ថាប័នពាក់ព័ន្ធ មន្ទីរសាធារណការរាជធានី-ខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។ កិច្ចប្រជុំនេះមានគោលបំណងជជែកពិភាក្សាលើវឌ្ឍនភាព បញ្ហាប្រឈម និងទិដៅនៃការអនុវឌ្ឍការងារទប់ស្កាត់យានយន្តលើសទម្ងន់កម្រិតកំណត់ ដោយមានការចូលរួមសហការពី ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី រួមមាន គណៈអភិបាលរាជធានី ខេត្ត ស្នងការនគរបាល និងកងរាជអាវុធហត្ថ រាជធានី-ខេត្ត ដើម្បីគាំទ្រដល់ការអនុវត្តច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ឱ្យបានម៉ឺងម៉ាត់ និងប្រសិទ្ធភាពខ្ពស់។ ក្រសួងបានស្នើសុំអំពាវនាវដល់សាធារណជន ជាពិសេសម្ចាស់អាជីវកម្មដឹកជញ្ជូនទាំងអស់ សូមមេត្តាចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអនុវត្តច្បាប់ឱ្យបានពេញលេញ និងមានប្រសិទ្ធភាព ដើម្បីចូលរួមចំណែកទប់ស្កាត់ការខូចខាតផ្លូវថ្នល់ ស្ពាន៕










