
រដ្ឋបាលខេត្តសៀមរាប អញ្ជើញកាន់បិណ្ឌវេនទី២ នៅវត្តព្រះព្រហ្មរ៍ត្ន
នៅរសៀលថ្ងៃទី២៧ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម មិត្ត សុវណ្ណ សមាជិកក្រុមប្រឹក្សាខេត្តតំណាងឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និង លោក លី សារី អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានដឹកនាំមន្ត្រីរាជការ មន្ទីរ-អង្គភាពជុំវិញខេត្ត រួមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តកាន់បិណ្ឌវេនទី២ ព្រមទាំងបានធ្វើបទនមស្ការព្រះរតនត្រៃ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃនៅវត្តព្រះព្រហ្មរ័ត្ន នៅក្នុងក្រុងសៀមរាប។ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីមួយដ៏មាន សារៈសំខាន់របស់ប្រជាជនខ្មែរ ហើយត្រូវបានរៀបចំធ្វើឡើងជារៀងរាល់ឆ្នាំមិនដែលខកខានឡើយ។ ដោយឡែក សម្រាប់ឆ្នាំ២០២៦នេះ ពិធីបុណ្យប្រពៃណីនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦។











