
ថ្នាក់ដឹកនាំខេត្តសៀមរាប ជំរុញឱ្យភាគីពាក់ព័ន្ធបង្កើនកិច្ចសហការសកម្ម ដើម្បីទប់ស្កាត់ការជួញដូរមនុស្ស និងអំពើហិង្សាគ្រប់ទម្រង់ក្នុងសហគមន៍
ក្នុងឱកាសដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពកិច្ចការពារកុមារ និងវាយតម្លៃលើសូចនាករទាំង ២២ចំណុច លើកកម្ពស់ប្រសិទ្ធភាពនៃការគាំពារ និងសុខុមាលភាពកុមារក្នុងខេត្ត នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តពង្រឹងកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធ និងបំពេញភារកិច្ចឱ្យបានសកម្មថែមទៀត ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការបង្ការ និងទប់ស្កាត់រាល់សកម្មភាពជួញដូរមនុស្ស ការកៀបសង្កត់កម្លាំងពលកម្ម ក៏ដូចជាអំពើហិង្សាគ្រប់ទម្រង់ដែលកើតមានឡើងនៅក្នុងសហគមន៍។








