
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៨ខ្នង ជូនក្រុមគ្រួសាររបស់វីរយុទ្ធជនពលី រស់នៅក្នុងខេត្តសៀមរាប
យោងតាមគណនីហ្វេសប៊ុក របស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានឱ្យដឹងថា នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម និងភរិយា បានអមដំណេីរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៨ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតផ្ទាល់ ជូនដល់ក្រុមគ្រួសាររបស់វីរយុទ្ធជនពលី រស់នៅក្នុងខេត្តសៀមរាប ។ ក្នុងឱកាសជជែកសំណេះសំណាលសួរសុខទុក្ខ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏សោកសៅបំផុត រួមជាមួយប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសព។ លើសពីនេះ ដើម្បីសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ លោកជំទាវបណ្ឌិត ក៏បាននាំយកមកជាមួយនូវអំណោយរបស់ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត មានដូចជាថវិកា សម្ភារៈប្រើប្រាស់ ស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ជូនដល់ក្រុមគ្រួសាររបស់វីរយុទ្ធជនផងដែរ។











