
នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តសៀមរាប សហការជាមួយរដ្ឋបាលស្រុកពួក បានរៀបចំពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ស៊ីន ចាន់ថុល អភិបាលស្រុកពួក និងលោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តសៀមរាប ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន មន្ត្រីពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ ការរៀបចំពិធីប្រកាសបិទផ្សាយជាសាធារណៈនេះ មានគោលបំណងជូនដំណឹងដល់ប្រជាពលរដ្ឋឱ្យបានជ្រាបអំពីលទ្ធផលនៃការវិនិច្ឆ័យ និងផ្តល់ឱកាសឱ្យម្ចាស់ក្បាលដី ព្រមទាំងអ្នកពាក់ព័ន្ធ ពិនិត្យផ្ទៀងផ្ទាត់ព័ត៌មាន និងដាក់ពាក្យតវ៉ា ឬស្នើសុំកែតម្រូវ ប្រសិនបើមានភាពមិនត្រឹមត្រូវ មុននឹងឈានទៅរកការចេញបណ្ណកម្មសិទ្ធិដីធ្លីស្របតាមនីតិវិធីច្បាប់។











