
ឯកឧត្តម អភិបាលខេត្ត បានចាត់ក្រុមការងារបច្ចេកទេសបន្តដំឡើងភ្លើងសញ្ញា និងស្លាកសញ្ញាចរាចរណ៍ ដែលមានបញ្ហាគ្រោះថ្នាក់ញឹកញាប់ ដេីម្បីបញ្ចប់ទាំង៩ទីតាំង
បន្ទាប់ពីក្រុមការងារបច្ចេកទេសបានសិក្សាឃេីញថាតំបន់ផ្លូវបំបែកក្នុងក្រុងមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ ព្រមទាំងមានការយកចិត្តទកដាក់ខ្ពស់ពីឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវបំបែកសំខាន់ៗ តទៀត ក្រុមការងាររដ្ឋបាលខេត្តសៀមរាប បានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលខេត្ត បន្តដំឡើងភ្លេីងសញ្ញាពណ៌លឿង ភ្លឹបភ្លែត(បន្ថយល្បឿន ហេីយប្រុងប្រយ័ត្ន) និងស្លាកសញ្ញាចរាចរណ៍ចំនួន ៣ទីតាំងបន្ថែមទៀត នៅលេីកំណាត់ផ្លូវក្នុងក្រុងរួមមាន : ១-ផ្លូវប្រសព្វរវាងវិថីសម្តេចតេជោ ហ៊ុន សែន សន្តិភាព និងផ្លូវ២៨មិថុនា (ផ្លូវខេត្ត២៦ ៣២ ឬផ្លូវបំបែកទ្រៀក) ២-ផ្លូវប្រសព្វរវាងផ្លូវ១០មករា និងផ្លូវសាលាខៀវ (ផ្លូវបំបែកសង្កាត់សាលាកំរេីក) ៣-ផ្លូវប្រសព្វរវាងវិថីសម្តេចសង្ឃរាជ ទេព វង្ស និងពោធិ៍កំបោ (ខាងលិចស្ទឹង) និងអាចារ្យស្វា(ខាងកេីតស្ទឹង)











