
ថ្នាក់ដឹកនាំខេត្តសៀមរាប រៀបចំពិធីក្រុងពាលី បញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់អគារសាលប្រជុំថ្មី នៃអគាររដ្ឋបាលសាលាខេត្ត
នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានអញ្ជើញដឹកនាំរៀបចំពិធីក្រុងពាលី បញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់អគារសាលប្រជុំថ្មី នៃអគាររដ្ឋបាលសាលាខេត្ត មានបណ្ដោយ ៤៦ម៉ែត្រ ទទឹង ២៦ម៉ែត្រ កម្ពស់ ៧ម៉ែត្រកន្លះ ធ្វើអំពីថ្ម ប្រកក្បឿង ស្របតាមរចនាបថជាខ្មែរ។ សម្រាប់អគារសាលប្រជុំដែលសាងសង់ថ្មីនេះ គឺជំនួសឱ្យអគារសាលប្រជុំបច្ចុប្បន្នដែលមានទំហំតូច ចំណុះមនុស្សបានតិច មិនបំពេញតម្រូវការដែលរដ្ឋបាលខេត្តចង់បាន។ ក្នុងពិធីនេះដែរ ក៏មានការនិមន្តចូលរួមពី សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ សមាជិកថេរសភាសង្ឃព្រះពុទ្ធសាសនាកម្ពុជា និងជាព្រះចៅអធិការវត្តរាជបូណ៌ ផងដែរ៕











