
ផ្សាយផ្ទាល់៖ កម្មវិធីព័ត៌មានពេលព្រឹក
ថ្ងៃព្រហស្បតិ៍ ៣រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦

ថ្ងៃព្រហស្បតិ៍ ៣រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦













នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្ដដឹកនាំក្រុមការងារពាក់ព័ន្ធ និងមន្រ្ដីជំនាញ ចុះពិនិត្យ និងបង្ក្រាបបទល្មើសធនធានជលផល ចាប់ពីចំណុចមាត់ពាមចុងឃ្នៀស សង្កាត់ចុងឃ្នៀស ក្រុង និងខេត្តសៀមរាប រហូតដល់ចំណុចកោះក្អែក ពាក់កន្ទេល ភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដើម្បីធានាបាននូវពូជត្រីបានគង់វង្សសម្រាប់ជាផ្នែកមួយ ក្នុងការចិញ្ចឹមប្រជាពលរដ្ឋតាមរយៈការប្រកបរបរនេសាទដោយស្របច្បាប់។


ដើម្បីចូលរួមចំណែកលើកកម្ពស់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិ ព្រមទាំងផ្តល់ឱកាសជូនប្រជាពលរដ្ឋបានកម្សាន្តសប្បាយ និងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ វត្តអារញ្ញសាគរក្រោមគំនិតផ្តួចផ្តើមពី ព្រះគ្រូ ហាក់ គឹមហ៊ត់ ចៅអធិការវត្ត បានសហការជាមួយអាជ្ញាធរមូលដ្ឋាន រៀបចំពិធីប្រណាំងទូក «ង» រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ដោយមានទូក «ង» ចូលរួមប្រកួតសរុប ៩ទូក និងកិត្តិយស ៦ទូក មានកីឡាករ កីឡាការិនី ២៧០នាក់ និងមានទូកមកពីខេត្តកំពង់ធំចូលរួមផងដែរ។


យោងតាមរបាយការណ៍របស់ស្នងការនគរបាលខេត្តសៀមរាប បានបង្ហាញថា គិតត្រឹមរយៈពេល ៩ខែ ឆ្នាំ២០២៦ នេះ បទល្មើសផ្សេងៗរួមមាន ក្មេងទំនើង អំពើហិង្សា អំពើអនាចារ ការជួញដូរមនុស្ស ល្បែងស៊ីសង បទល្មើសព្រហ្មទណ្ឌ និងបទល្មើសសេដ្ឋកិច្ច នៅក្នុងខេត្តសៀមរាប មានការថយចុះគួរឱ្យកត់សម្គាល់បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ខណៈបទល្មើសទាំងអស់ត្រូវបានសមត្ថកិច្ចបង្ក្រាបបាន ១០០ភាគរយ ស្របតាមយុទ្ធសាស្ត្រគន្លឹះដែលបានដាក់ចេញ។


សំណួរ និងសំណូមពរ ដែលជាក្ដីកង្វល់ និងតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានស្រុកក្រឡាញ់ ត្រូវបានលើកយកមកពិភាក្សា និងដោះស្រាយ ដោយមន្ត្រីជំនាញធ្វើការស្រាយបំភ្លឺ និងឆ្លើយតបជូនប្រជាពលរដ្ឋភ្លាមៗ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ ឆ្នាំ២០២៦ គោលដៅទី២ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦នេះ។
