
ប្រាសាទតាព្រហ្ម គឺជាបូជនីយដ្ឋានប្រវត្តិសាស្ត្រដ៏មានប្រជាប្រិយភាព និងល្បីល្បាញមួយ ស្ថិតក្នុងតំបន់បេតិកភណ្ឌពិភពលោកអង្គរ។
ប្រាសាទនេះបង្ហាញពីអច្ឆរិយភាពប្លែកពីគេ តាមរយៈការរួមផ្សំយ៉ាងល្អឥតខ្ចោះរវាងប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម ធម្មជាតិ និងមុខងារយ៉ាងសំខាន់មួយក្នុងសម័យអង្គរ។ ស្ថិតនៅលើផ្លូវវង់តូច តាមទិសដៅផ្លូវទ្វារជ័យ បន្ទាប់ពីប្រាសាទតាកែវប្រហែល ១ គីឡូម៉ែត្រ និងមានកំពែងជាប់នឹងកំពែងប្រាសាទបន្ទាយក្តីនៅទិសពាយ័ព្យ។ ប្រាសាទនេះ បានទាក់ទាញចិត្តភ្ញៀវទេសចរមកពីគ្រប់ទិសទីតាមរយៈការថែរក្សាគាំពារទុកទម្រង់ដើម ដូចរូបភាពដែលគេបានឃើញកាលពីជាង១០០ឆ្នាំមុន ដោយមានដើមឈើចាស់ធំៗ ដូចជាដើមស្ពង់ និងដើមជ្រៃ ដុះព័ទ្ធរុំស្ទើរតែជាសាច់មួយជាមួយតួប្រាសាទ ដែលបង្កើតបានជាទេសភាពចម្រុះដ៏អស្ចារ្យរវាងធម្មជាតិ និងសំណង់ប្រវត្តិសាស្ត្រ។ ប្រភព៖អាជ្ញាធរជាតិអប្សរា Apsara National Authority's Post










