
ថ្នាក់ដឹកនាំខេត្តប៉ៃលិន អញ្ជើញចូលរួមកាន់បិណ្ឌវេនទី១ នៅវត្តកោងកាង ដោយប្រមូលបច្ច័យបានជាង ៥លានរៀល សម្រាប់កសាងសមិទ្ធផលនានា
ប៉ៃលិន៖ លោកជំទាវ សុក សារី សមាជិកាក្រុមប្រឹក្សាខេត្តប៉ៃលិន និងលោក សោ សុវណ្ណ អភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីរាជការ និងពុទ្ធបរិស័ទ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី១ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅវត្តរតនសោភ័ណ (ហៅវត្តកោងកាង) ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីឧទ្ទិសកុសលជូនបុព្វការីជន និងប្រមូលបច្ច័យសម្រាប់ទ្រទ្រង់វិស័យព្រះពុទ្ធសាសនា។ ក្នុងពិធីបុណ្យដ៏មហោឡារិកនេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ បានរួមសាមគ្គីគ្នាយ៉ាងផុសផុល ដោយបាននាំយកទេយ្យវត្ថុ គ្រឿងឧបភោគ បរិភោគ ព្រមទាំងបច្ច័យបូជាចំពោះព្រះសង្ឃ។ ជាលទ្ធផល ពិធីកាន់បិណ្ឌវេនទី១ នេះ ប្រមូលបច្ច័យសរុបបានចំនួនជាង ៥លានរៀល សម្រាប់តម្កល់ទុកកសាង និងអភិវឌ្ឍសមិទ្ធផលនានាក្នុងបរិវេណវត្តឱ្យកាន់តែរីកចម្រើន។











