
ពិធីបើកការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្ត ប្រព្រឹត្តទៅយ៉ាងមហោឡារិក ក្រោមអធិបតីភាពថ្នាក់ដឹកនាំក្រសួង និងអាជ្ញាធរខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ កាលពីពេលថ្មីៗនេះ លោក ភោគ សារិទ្ធ អភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ តំណាង លោក ផាយ ឡេង អភិបាល នៃគណៈអភិបាលក្រុងពោធិ៍សាត់ បានអញ្ជើញចូលរួមក្នុងពិធីបើកការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្ត ដែលបានប្រព្រឹត្តទៅនៅពហុកីឡដ្ឋានខេត្តពោធិ៍សាត់។ ពិធីបើកការប្រកួតដ៏មានអត្ថន័យនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា និង លោកជំទាវ ប៉ុក ណាឌី អភិបាលរងខេត្តពោធិ៍សាត់ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដី គ្រូបង្វឹក និងប្អូនៗអត្តពលិកយ៉ាងច្រើនកុះករ។ ព្រឹត្តិការណ៍កីឡានេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់វិស័យកីឡាសម្រាប់ជនមានពិការភាព ខួរក្បាល និងបញ្ញា ព្រមទាំងផ្តល់ឱកាសដល់ប្អូនៗអត្តពលិកបានបញ្ចេញសមត្ថភាព បង្កើនមិត្តភាព សាមគ្គីភាព និងការរាប់អានគ្នា ព្រមទាំងជំរុញការចូលរួមក្នុងសង្គមដោយសមភាព និងគ្មានការរើសអើងឡើយ៕











