
ប្រាសាទតាសោម! ភាពខៀវស្រងាត់ និងសំណើមនៃរដូវវស្សា កាន់តែធ្វើឱ្យ ប្រាសាទនេះ កាន់តែលេចធ្លោរំលេចដោយសម្រស់ដ៏ស្ងប់ស្ងាត់ និងមន្តស្នេហ៍ដ៏ទាក់ទាញគួរឱ្យចង់គយគន់។
ប្រាសាទតាសោម បានកសាងឡើងនៅចុងស.វទី១២ ដើមស.វទី១៣នៃគ.ស ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទនេះមានទីតាំងស្ថិតនៅវង់ធំ ខាងកើតប្រាសាទនាគព័ន្ធ មានកំពែង៣ជាន់ ហើយកំពែងនីមួយៗមានខ្លោងទ្វារចេញចូលនិងសំណង់ប្រាង្គកណ្តាលរំលេចដោយក្បាច់រចនាដ៏ច្រើន។ បើទោះបីប្រាសាទនេះតូច នៅឆ្ងាយបន្តិចពីប្រាសាទផ្សេងៗក៏ដោយ ក៏កម្រទេសចររំលងណាស់ ព្រោះប្រាសាទនេះមានក្បាច់រចនាល្អរស់រវើក មានប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍ រួមទាំងសោភ័ណភាពទេសភាពគួរឱ្យចង់ទស្សនា និងទៅលេងកម្សាន្ត៕









