
ប្រាសាទបាភួនបង្ហាញសម្រស់យ៉ាងស្រស់ស្អាតនារដូវកាលបៃតង
ប្រាសាទបាភួន គឺជាប្រាសាទភ្នំតំណាងឱ្យភ្នំសុមេរុ ដែលជាទេវស្ថានរបស់ព្រះឥសូរ។ ប្រាសាទនេះមានឈ្មោះដើមហៅថា “ត្រីភូវនចូនាមណី” ដែលក្រោយមកឈ្មោះនេះនៅសល់តែពាក្យភូវុនក្លាយជាភុន ឬភួនវិញ ពាក្យភុវនមានន័យថា” អ្នកដែលគ្រប់គ្រងលើភពទាំងបី”។ នៅចំពីមុខតួរបស់ប្រាសាទបែរទៅទិសខាងកើត មានស្ពានដើរចូលប្រវែង ២០០ម៉ែត្រ x ២.៥០ម៉ែត្រ ទ្រដោយសសរមូលចំនួន ៥៤៧ដើម រៀបយ៉ាងស្មើស្ពាននេះកសាងឡើងដើម្បីជាតំណាងឱ្យផ្លូវភ្ជាប់ពីឋានមនុស្សទៅឋានសួគ៌។ នៅខាងឆ្វេងដៃស្ពាន មានស្រះមួយមានទំហំ ៣៧ម៉ែត្រx២៨ម៉ែត្រ លម្អដោយកាំជណ្តើរធ្វើអំពីថ្មភក់។ ប្រាសាទនេះជាពីរ៉ាមីតដ៏ធំមួយកំពស់៣៥ម៉ែត្រ ដែលចែកចេញបីថ្នាក់ ហើយដែលព្រះបាទឧទយាទិត្យវរ្ម័នទី២សាងឡើងនៅស.វ.ទី១១ ដើម្បីតម្កល់លិង្គមួយនៅជាន់លើបង្អស់។ អ្នកជំនាញធំៗដែលធ្លាប់បានស្រោចស្រង់ប្រាសាទនេះក្នុងលក្ខណៈជាសង្គ្រោះបន្ទាន់ក្តី ឬជួសជុលក្នុងបំណងឲ្យបានយូរអង្វែងនៅតាមទីដែលរលំខ្លះក្តី សុទ្ធសឹងយល់ស្របគ្នាថាវិស្វកម្មដែលប្រើក្នុងការកសាងប្រាសាទជាលើកដំបូងមានខ្ចោះដោយសារគិតមិនដល់តាំងពីដើមទី។










