
ប្រាសាទបន្ទាយស្រី ជាស្នាដៃចម្លាក់ដ៏ល្អឯក និងមានក្បាច់រចនាល្អអស្ចារ្យនៃសិល្បៈខ្មែរ
ប្រាសាទបន្ទាយស្រី គឺជាប្រាសាទបុរាណខ្មែរនាពាក់កណ្តាលសតវត្សទី១០ ដែលត្រូវបានកសាងឡើងដើម្បីឧទ្ទិសដល់ព្រះសិវៈ ក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទនេះមានទីតាំងស្ថិតក្នុងតំបន់អង្គរ ក្បែរភ្នំដី ចម្ងាយប្រមាណ ២៥ គីឡូម៉ែត្រ ខាងទិសឦសាននៃក្រុមប្រាសាទសំខាន់ៗ ដែលធ្លាប់ជារាជធានីបុរាណ យសោធរបុរៈ និងអង្គរធំ។ ប្រាសាទបន្ទាយស្រីសាងសង់ឡើងភាគច្រើនអំពីថ្មភក់ពណ៌ផ្កាឈូក (ថ្មភក់ក្រហម) ដែលជាប្រភេទថ្មអំណោយផលដល់ការដាប់ឆ្លាក់ក្បាច់លម្អលើជញ្ជាំងយ៉ាងល្អិតឆ្មារ ដែលយើងនៅតែអាចមើលឃើញយ៉ាងច្បាស់រហូតមកដល់សព្វថ្ងៃ។










