
ការយល់ដឹងរបស់សិស្សានុសិស្សវិទ្យាល័យ ១០មករា ១៩៧៩-សៀមរាប ស្តីពី «៣កុំ ១ការពារ» ដែលជារបាំងការពារសង្គមពីព័ត៌មានក្លែងក្លាយ
វិធីសាស្ត្រ «៣កុំ ១ការពារ» រួមមាន៖ *ទី១៖ «កុំទាន់ជឿ» ពោលនៅពេលឃើញព័ត៌មានប្លែក ធ្វើឱ្យរំជើបរំជួល ឬគួរឱ្យភ័យខ្លាច ត្រូវគិតពិចារណា និងផ្ទៀងផ្ទាត់ឱ្យបានច្បាស់ មុននឹងវាយតម្លៃថាជាការពិត ព្រោះព័ត៌មានទាំងនោះអាចជាការប្រឌិតឡើង ដើម្បីទាក់ទាញការចូលមើល (View)។ *ទី២៖ «កុំទាន់ចែករំលែក» ដោយត្រូវចំណាយពេលយ៉ាងហោចណាស់ ១៥វិនាទី ដើម្បីពិនិត្យប្រភពព័ត៌មានឱ្យបានច្បាស់លាស់ ហើយបើមិនប្រាកដប្រជា មិនត្រូវចែករំលែកបន្តឡើយ។ *ទី៣៖ «កុំប្រហែស» ដោយត្រូវថែរក្សាលេខកូដសម្ងាត់គណនីផ្ទាល់ខ្លួន និងចៀសវាងការចុចលើតំណភ្ជាប់ (Link) ប្លែកៗ ដែលគ្មានប្រភពច្បាស់លាស់។ ដោយឡែកពាក្យ «១ការពារ» គឺត្រូវការពារខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ តាមរយៈការលើកកម្ពស់អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីឱ្យប្រជាពលរដ្ឋ មានសមត្ថភាពក្នុងការវិភាគ ផ្ទៀងផ្ទាត់ និងប្រើប្រាស់ព័ត៌មានប្រកបដោយការទទួលខុសត្រូវ។










