
ក្បាលដីចំនួន ១០ ៨១៧ ក្នុង ៥ភូមិ នៃឃុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប ត្រូវបានប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ
នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នៅវត្តបូទុំមោង (ហៅវត្តមោង) ឃុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប ឯកឧត្តម សួស សុខចាន់ សមាជិកក្រុមប្រឹក្សាខេត្ត និងជាសមាជិកគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្ម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានចូលរួមពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្បាលដីចំនួន ១០ ៨១៧ ក្នុងភូមិមោងខាងត្បូង ភូមិមោងខាងជើង ភូមិខ្វែក ភូមិកំបោរ និងភូមិល្វា នៃឃុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប។ ដោយមានការអញ្ជើញចូលរួមពីលោក អភិបាលរង នៃគណៈអភិបាលស្រុកស្រីស្នំ មន្ទីរ អង្គភាពជំនាញ មេឃុំ សមាជិកក្រុមប្រឹក្សាឃុំ មេភូមិគ្រប់ភូមិ និងប្រជាពលរដ្ឋជាម្ចាស់ក្បាលដី។ កម្មវិធីនេះ តម្រូវឱ្យអ្នកពាក់ព័ន្ធនឹងដីធ្លីក្នុងភូមិសាស្ត្រខាងលើត្រូវពិនិត្យលើទិន្នន័យ និងបញ្ជាក់ភាពត្រឹមត្រូវ ឬខុសឆ្គង ឬជំទាស់លើទិន្នន័យខាងលើ គិតចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ដោយរាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក។








