វីដេអូ៖ ប្រាសាទបន្ទាយស្រីគឺជាប្រាសាទបុរាណមួយដែលត្រូវបានគេស្គាល់ថាជា រតនភណ្ឌនៃសិល្បៈខ្មែរ ដោយសារក្បាច់ចម្លាក់ដ៏ល្អវិចិត្រ និងមានភាពល្អិតល្អន់
ប្រាសាទបន្ទាយស្រី គឺជាប្រាសាទបុរាណខ្មែរនាពាក់កណ្តាលសតវត្សទី១០ ដែលត្រូវបានកសាងឡើងដើម្បីឧទ្ទិសដល់ព្រះសិវៈ ក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទនេះមានទីតាំងស្ថិតក្នុងតំបន់អង្គរ ក្បែរភ្នំដី ចម្ងាយប្រមាណ ២៥ គីឡូម៉ែត្រ ខាងទិសឦសាននៃក្រុមប្រាសាទសំខាន់ៗ ដែលធ្លាប់ជារាជធានីបុរាណ យសោធរបុរៈ និងអង្គរធំ។ ប្រាសាទបន្ទាយស្រីសាងសង់ឡើងភាគច្រើនអំពីថ្មភក់ពណ៌ផ្កាឈូក (ថ្មភក់ក្រហម) ដែលជាប្រភេទថ្មអំណោយផលដល់ការដាប់ឆ្លាក់ក្បាច់លម្អលើជញ្ជាំងយ៉ាងល្អិតឆ្មារ ដែលយើងនៅតែអាចមើលឃើញយ៉ាងច្បាស់រហូតមកដល់សព្វថ្ងៃ។ តួប្រាសាទទាំងមូលមានទំហំតូចច្រឡឹង បើប្រៀបធៀបទៅនឹងខ្នាតនៃសំណង់នានាក្នុងសម័យអង្គរ។ កត្តាទាំងនេះហើយដែលធ្វើឱ្យប្រាសាទនេះមានភាពល្បីល្បាញយ៉ាងខ្លាំងចំពោះភ្ញៀវទេសចរ និងត្រូវបានគេប្រសិទ្ធនាមថាជា "ត្បូងមានតម្លៃ" ឬ "គ្រឿងអលង្ការនៃសិល្បៈខ្មែរ"។
Siem reap provincial dept. of information អានបន្ត