
ផ្លូវកៅស៊ូ DBST ប្រវែងជាង ១០គីឡូម៉ែត្រ ភ្ជាប់ពីស្រុកសូទ្រនិគម ទៅស្រុកប្រាសាទបាគង សម្រេចការសាងសង់បានជាង ៨៥ភាគរយហើយ
គិតត្រឹមដើមខែតុលានេះ គម្រោងស្ថាបនាផ្លូវខេត្តក្រាលកៅស៊ូប្រភេទ DBST ១ខ្សែ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប មានប្រវែងជាង ១០គីឡូម៉ែត្រ សម្រេចការសាងសង់បានប្រមាណជាង ៨៥ភាគរយហើយ និងគ្រោងនឹងបញ្ចប់ជាស្ថាពរក្នុងពេលឆាប់ៗខាងមុខ ដែលផ្លូវមួយខ្សែនេះដើរតួនាទីយ៉ាងសំខាន់ ជាកំណាត់ផ្លូវស្របនឹងផ្លូវជាតិលេខ៦ ភ្ជាប់ពីឃុំខ្ចាស់ ស្រុកសូទ្រនិគម ទៅឃុំមានជ័យ ស្រុកប្រាសាទបាគង ដោយជួយសម្រួលដល់ការតភ្ជាប់ចរាចរណ៍ពីផ្លូវជាតិចូលទៅកាន់តំបន់កំពង់ភ្លុក និងជាផ្លូវវាងបណ្ដោះអាសន្នពេលមានការកកស្ទះ។









