
ប្រាសាទភិមានអាកាស មិនមែនគ្រាន់តែជាទីកន្លែងសម្រាប់ទស្សនាប៉ុណ្ណោះទេ ប៉ុន្តែជាទំព័រប្រវត្តិសាស្ត្រដែលកំពុងរង់ចាំឱ្យអ្នកមកស្វែងយល់ និងស្វែងរកភាពអស្ចារ្យដោយផ្ទាល់
ប្រាសាទភិមានអាកាស ស្ថិតនៅក្នុងព្រះបរមរាជវាំងក្រុងអង្គរធំ ដែលមានកំពែងព័ទ្ធជុំវិញ និងមានខ្លោងទ្វារចូលពីព្រះលានជល់ដំរី ព្រមទាំងមានផ្លូវដើរចូលធ្វើអំពីថ្មបាយក្រៀម ពីខ្លោងទ្វារខាងកើត ឆ្ពោះមកកាន់ ប្រាសាទភិមានអាកាស តែម្ដង។ កំពែងថ្មបាយក្រៀម ជុំវិញប្រាសាទ ត្រូវបានកសាងសង់ឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧។ បើតាមកំណត់ត្រារបស់ លោក ជីវ តាក្វាន់ ដែលជាបេសកទូតរបស់អធិរាជចិនដែលបានមកស្នាក់នៅអង្គរពីឆ្នាំ ១២៩៦ ដល់ឆ្នាំ១២៩៧ ប្រាសាទភិមានអាកាស មានពណ៌មាស។ កំណត់ត្រារបស់លោកបានរៀបរាប់ថា ប្រាសាទនៅចំកណ្ដាលក្រុងអង្គរធំ ជាប្រាសាទពណ៌មាស និងប្រាសាទធំនៅជិត ជាប្រាសាទស្ពាន់។ បន្ទាប់មកអ្នកជំនាញជនជាតិបារាំង បានបកស្រាយថា ប្រាសាទបាយ័ន ជាប្រាសាទពណ៌មាស និងប្រាសាទបាភួន ជាប្រាសាទពណ៌ប្រាក់ (ប្រាសាទស្ពាន់)។ ចំណែកប្រាសាទភិមានអាកាស ក៏មានពណ៌មាសផងដែរ។










