
រដ្ឋបាលខេត្តសៀមរាប ប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ដើម្បីរំឭក និងចងចាំនូវគំរូវីរៈភាពរបស់វីរៈយុទ្ធជនដែលបានធ្វើពលីកម្ម ក្នុងបុព្វហេតុជាតិមាតុភូមិ
នារសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តសៀមរាប សហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ឆ្នាំ២០២៦ ដើម្បីជាការបង្ហាញឱ្យប្រជាជនកម្ពុជាគ្រប់រូបចងចាំនូវគុណូបក្ការៈដ៏ឧត្ដុង្គឧត្ដម និងពលីកម្មដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់យុទ្ធជន យុទ្ធនារី មន្ត្រីរាជការ និងអ្នកស្នេហាជាតិកម្ពុជាយើងគ្រប់ជំនាន់ ជាពិសេសបងប្អូនអតីតយុទ្ធជន និងនិវត្តជនដែលបានបូជាសាច់ស្រស់ ឈាមស្រស់ និងលះបង់អាយុជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ នាំមកនូវសុខសន្តិភាពជូនប្រទេសជាតិ និងប្រជាជនកម្ពុជារហូតដល់បច្ចុប្បន្ន។









